រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងរបស់លោក ថូ សំណាង ទីប្រឹក្សា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមសំណើរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ផងដែរថាការបញ្ចប់មុខតំណែងរបស់ លោក ថូ សំណាង នេះ បានធ្វើឡើងក្រោយរកឃើញថារូបលោកបានប្រព្រឹត្តអំពើពុករលួយជាមួយលុយរាប់លានដុល្លារលើការលក់ទិដ្ឋាការឱ្យអ្នកប្រព្រឹត្តបទល្មើសស្កេម។
រីឯអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងពុករលួយរបស់ លោក ថូ សំណាង និងបក្ខពួកពីរនាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការហើយ។
ចំណែកចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពួកគេរួចហើយដែរថា លោក ថូ សំណាង ត្រូវបានចោទប្រកាន់ ពីបទ (បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត) និងបទ(រំលោភអំណាច និងបទសម្អាតប្រាក់) តាមមាត្រា ៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។
លោក ណុប រដ្ឋា រងការចោទប្រកាន់ពីបទសមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត បទរំលោភអំណាច និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ មាត្រា៣៥ កថាខណ្ឌទី២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០។
លោក យស់ រ៉ាណេ ត្រូវបានចោទប្រកាន់ ពីបទសមគំនិតក្នុងអំពើ បំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត និងបទសម្អាតប្រាក់ តាមមាត្រា ២៩ មាត្រា៦០១ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២០៕

ប្រភព៖Freshnews
