បន្ទាយមានជ័យ ៖ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានបន្ដដឹកនាំប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៥ នៅសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅពេលខាងមុខ។
លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក បានធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពទូទៅ នៃកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគ៥ និងសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ ព្រមទាំងការប្រុងស្មារតីខ្ពស់ជាប់ជានិច្ចរបស់កងកម្លាំងនគរបាល ជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារបូរណភាពទឹកដី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ នៃកងកម្លាំងប្រដាប់អាវុធ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ព្រមទាំងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែននៃទិសភូមិភាគទី៤ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ឯកភាពតាមរបាយការណ៍ របស់លោកឧត្តមសេនីយ៍ទោ ស៊ឹម សំអាត ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានបង្ហាញការស្ញប់ស្ញែងចំពោះការបំពេញតួនាទីភារកិច្ចរបស់កម្លាំងនគរបាល ដែលបានប្រកៀកស្មារយ៉ាងរឹង តស៊ូក្រាញននៀល ជាមួយកងយោធពលខេមរភូមិន្ទ ប្រឆាំងការទន្ទ្រានឈ្លានពានពីប្រទេសជិតខាង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យពង្រឹងសាមគ្គីភាពផ្ទៃក្នុង ជាពិសេសបង្កើនសមត្ថភាពជំនាញ និងបន្តយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើស ឲ្យបានទាន់ពេលវេលា កងកម្លាំងនគរបាលទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ដើម្បីទទួលបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និងបូរណភាពទឹកដី ដែនអធិបតេយ្យជាតិកម្ពុជា៕

